អគ្គសេនាធិការចម្រុះនៃកងទ័ពថៃនាយឧត្តមសេនីយ៍ មានះ ចាន់ឌី បានថ្លែងថា ប្រទេសថៃនឹងបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ គឺនៅពេលដែលកម្ពុជាដកទ័ពចេញពីព្រំដែន ហើយឈប់គំរាមកំហែងដល់ប្រទេសថៃ។ មន្ត្រីជាន់ខ្ពស់ខាងយោធាថៃបានលើកឡើងបែបនេះ អំឡុងពេលដឹកនាំក្រុមមន្ត្រីនិងមេបញ្ជាការកងទ័ពមួយចំនួន ចុះទៅពិនិត្យកន្លែងឈរជើងរបស់ទាហានថៃ រួមទាំងការសាងសង់ផ្លូវ និងបំពាក់កាមេរ៉ានៅទីតាំងភ្នំទ្រព្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានថៃ The Nation នៅថ្ងៃទី១១ ខែកញ្ញា។
នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Narkphanit) បានពិភាក្សាក្នុងការឈានទៅបើកច្រកព្រំដែនមួយចំនួនឡើងវិញ តាមសំណើពីភាគីជប៉ុន ដើម្បីជួយទៅដល់ខ្សែចង្វាក់ផ្គត់ផ្គង់ឆ្លងដែនរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជានិងថៃ។
មេបញ្ជាការភូមិភាគរបស់ថៃបានចេញបញ្ជាជាឯកតោភាគីឱ្យបិទច្រកព្រំដែនអន្តរជាតិទាំង៧ជាមួយកម្ពុជាចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា លើកលែងការឆ្លងកាត់របស់មនុស្សធម៌ ខណៈពលរដ្ឋកម្ពុជាបានប្រកាសធ្វើពហិការមិនប្រើប្រាស់ទំនិញពីប្រទេសថៃ ស្របពេលប្រទេសទាំងពីរកើនឡើងភាពតានតឹងដោយសារជម្លោះព្រំដែន។
មុនពេលផ្ទុះសង្គ្រាមរយៈពេល០៥ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ទាំងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កងទ័ពថៃជាអ្នកសម្រេចបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នោះ កងទ័ពថៃត្រូវតែបើកច្រកព្រំដែនទាំងអស់វិញ ដោយមិនចាំបាច់មកចរចាសុំឱ្យកម្ពុជាបើកព្រំដែននោះទេ។ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា បើកងទ័ពថៃបើកព្រំដែនឡើងវិញ នោះកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរត្រឹម០៥ម៉ោងប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានយល់ឃើញថា កម្ពុជាគួរតែជាអ្នកដាក់លក្ខខណ្ឌឱ្យថៃត្រូវរើបន្លាលួសដែលបានរាយរំលោភយកដី ភ្នំ និងប្រាសាទខ្មែរនៅតាមព្រំដែន និងត្រូវដោះលែងទាហានខ្មែរទាំង១៨នាក់ឱ្យមានសេរីភាពឡើងវិញ ចាំយល់ព្រមបើកច្រកព្រំដែន ពីព្រោះការបិទព្រំដែន ភាគីថៃជាអ្នកខាតបង់ខាងសេដ្ឋកិច្ចច្រើនជាងកម្ពុជា។ ប៉ុន្តែលោកបែរជាមើលឃើញថា ភាគីរដ្ឋាភិបាលខ្មែរហាក់ជាអ្នកចង់បើកព្រំដែនជាងប្រទេសថៃទៅទៀត ខណៈក្រុមគ្រួសារលោក ហ៊ុន សែន លោក ទៀ បាញ់ និងមេដឹកនាំមួយចំនួនទៀត មានមុខរបររកស៊ីជួញដូរជាមួយប្រទេសថៃ។
ថៃគេដាក់លក្ខខណ្ឌឱ្យយើងទាល់តែដកទ័ពចេញពីតំបន់ជម្លោះ បានគេព្រមបើក ហើយយើងបែរជាអង្វរថៃ សុំបើកច្រកព្រំដែនទៅវិញ ហើយពីមុនលោក ហ៊ុន សែន បាននិយាយថា អ្នកណាអាចមុជទឹកបានយូរជាងគេ អ្នកណុ៎ងឈ្នះ ហើយម៉េចក៏ចង់បើកច្រកព្រំដែនឡើងវិញមុនថៃអ៊ីចឹង។
— លោក អ៊ុំ សំអាន
ស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានទឹកប្រាក់ជាង៤.២០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃជាង៨៤០លានដុល្លារ ប៉ុន្តែថៃបាននាំចូលមកកម្ពុជាក្នុងទំហំប្រាក់ជាង៣,៤០០លានដុល្លារ។
មន្ត្រីគណបក្សប្រឆាំងបានលើកឡើងថា ប្រសិនបើកម្ពុជាយល់ព្រមជាមួយប្រទេសថៃបើកច្រកព្រំដែនឡើងវិញ នោះទាហានកម្ពុជាដែលបានស្លាប់ក្នុងសង្គ្រាមការពារទឹកដីរយៈពេល៥ថ្ងៃ នឹងក្លាយជាឥតប្រយោជន៍ ពីព្រោះបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត យល់ព្រមបើកច្រកព្រំដែនតាំងពីដំបូង សង្គ្រាមក៏មិនអាចផ្ទុះឡើងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។